ភរិយា ៧ពួក, 7 wives

ភរិយាទាំង៧ពួនេះ ទ្រង់ប្រារព្ធចំពោះនាងសុជាតា ជាកូនប្រសារស្រីរបស់អនាថបិណ្ឌិក​គហបតី ដែលមិន​អើពើ​នឹង​ឪពុកក្មេក​ ​មិន​អើពើ​នឹង​ម្តាយក្មេក​ ​មិន​អើពើ​នឹង​ស្វាមី​ ​ទាំង​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​គោរព​ចាស់ទុំ.....។ភរិយាទាំង៧ពួនេះគឺ
១- វធសមាភរិយា (ភរិយាសម្លាប់ប្តី) ស្ត្រីណាប្រទូស្តប្តី មិននាំប្រយោជន៍ ហើយ​ត្រេកអរនឹង​បុរស​ដទៃ (មាន​សហាយ) មើល​ងាយ​ប្ដី ,​សម្លាប់​ប្ដី។
២- ចោរីសមាភរិយា ភរិយា​លួច​ទ្រព្យ​ពីផ្ទះស្វាមី ឬ កេងកិបទ្រព្យបន្តិចបន្តួចអំពីទ្រព្យដែលប្តីរកមក ពីការងារឯណានីមួយ មានជំនួយ ជាដើម ។
៣- អយ្យសមាភរិយា ជាស្ត្រីមិនធ្វើការងារ ជាអ្នកខ្ចិល រឹងរូស កាច សម្តីអាក្រក់ កៀបសង្កត់​ប្ដី ឲ្យ​នៅ​ក្នុង​អំណាច​ខ្លួន ហៅថា អយ្យភរិយា។
៤- មាតុសមាភរិយា ស្ត្រីណា​ចេះស្រលាញ់​ប្ដី​​ នាំប្រយោជន៍អោយប្តី ទាំងទ្រព្យ កិត្តិយស មកអំពីទីនោះៗ ចេះ​រក្សា​ប្ដី​ដូច​មាតា​រក្សា​កូន​ ភរិយា​បែបនេះហៅ​ មាតុភរិយាៗដូចជាមាតា ។


រូបដំណាង

៥- ភគិនិសមាភរិយា ស្ត្រីណាចេះ​គោរព​ប្ដី​​ ដូច​ប្អូន​ស្រី​គោរព​បង​ប្រុសជាអ្នក​មាន​សេចក្ដី​អៀនខ្មាស​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​ប្តី លោកហៅថា​ ភគិនិភរិយាៗដូចប្អូនស្រី។
៦- សខីសមាភរិយា (ភរិយា​ដូច​សម្លាញ់​) ប្រពន្ធពេលបាន​ឃើញ​​ប្ដី​ហើយ​ក៏​រីករាយសប្បាយ ដូច​សម្លាញ់​ដែល​បែកគ្នាអស់​កាល​យូរ ក៍សប្បាយចិត្តរីករាយ ធ្វើបដិសណ្ឋារកិច្ចផ្សេងៗ មើលការខុសត្រូវសមបែបយ៉ាង ស្ត្រី​បែបនេះហៅថា សខីភរិយា។
៧- ទាសីសមាភរិយា (ភរិយា​ដូច​អ្នក​បម្រើ) ស្ត្រីណា​ដែលទោះជា​ប្ដី​ ជេរ វាយ គម្រាម​ដោយ​ដំបង មិន​មាន​ចិត្ត​ប្រទូស្ដ​មកវិញ​ ចេះ​អត់​សង្កត់​ចិត្ត មិន​ក្រោធ​ខឹង​នឹងស្វាមី​ ប្រព្រឹត្ត​ទៅ​តាម​អំណាច​ប្ដី ស្ត្រីមានសភាពបែបនេះលោកហៅថា ទាសីភរិយា។
​ ភរិយា​ណា​ ​ក្នុង​លោក​នេះ​ ​ដែល​ហៅថា​ ​វធកា​ក្តី​ ​​ ​ចោរី​ក្តី​ ​​ ​អយ្យា​ក្តី​ ​ភរិយា​ទាំងនោះ​ ​មាន​សភាព​ជា​ស្ត្រី​ទ្រុស្តសីល​ ​រឹងរូស​ ​មិន​មាន​សេចក្តី​គោរព​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅកាន់​នរក​។​ ​


  ភរិយា​ណា​ ​ក្នុង​លោក​នេះ​ ​ដែល​ហៅថា​មាតា​ក្តី​ ​ភគិនី​ក្តី​ ​ស​ខី​ក្តី​ ​ទាសី​ក្តី​ ​ភរិយា​ទាំងនោះ​ ​ជា​ស្រ្តី​សង្រួម​អស់កាលជាយូរអង្វែង​ ​ព្រោះ​តាំងនៅ​ក្នុង​សីលធម៌​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​រមែង​ទៅកាន់​សុគតិ​។ (បិដកលេខ ៤៧/ ១៦៦-១៧២)

ទស្សនានិងស្តាប់ដោយរីករាយ


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.