អាវុធ​ ៣​ យ៉ាង​ជា​ទី​ពឹង​អាស្រ័យ ការពារភ័យក្នុងវដ្ត

អាវុធ ៣យ៉ាង

ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្តែង ក្នុងបិដក​ភាគ១៩​ទំព័រ​១៤២ អោយភិក្ខុទាំងឡាយបានសិក្សានិងយកទៅប្រព្រឹត្តិប្រតិបត្តិ ៣យ៉ាងនោះគឺ៖
១.សុតាវុធំ​ អាវុធ​គឺ​សុតៈ​(ពុទ្ធវចនៈ)២.បវិវិវេកាវុធំ​អាវុធ​ គឺ​សេចក្តី​ស្ងាត់ ​(កាយវិវេកស្ងាត់​កាយចិត្តវិវេកស្ងាត់​ចិត្ត​ឧបធិវិវេកស្ងាត់​ចាក​ឧបធិ )។៣. បញ្ញាវុធំ​ អាវុធ​គឺ​បញ្ញា​ ។



ដូច្នេះដើម្បីអោយយល់ច្បាស់នោះសូមលោកម្ចាស់ញាតិញោមយល់ពាក្យថាអ្វីជាអាវុធៗគឺមកពីភាសាបាលី(បា.សំ.)ដែលមានន័យថាគ្រឿងប្រហារគ្រឿងចម្បាំងក្នុងភាសាធម៍ អាវុធ​ ដោយ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ។
តើអ្វីទៅជា សុតាវុធ? បទ​ថា​ សុតាវុធំ​ បាន​ដល់​ អាវុធ​ គឺ​ សុតៈ ។​ អាវុធ​ គឺ​ សុតៈ​នោះ​ ដោយ​អត្ថ​បាន​ដល់​ ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះត្រៃ​បិដក ។​ ព្រោះ​ថា​ ភិក្ខុ​អាស្រ័យ​អាវុធនោះ​ គឺ​ អាស្រ័យ​អាវុធ​ ៥​ ប្រការ​ រមែង​ជា​អ្នក​មិន​ញាប់​ញ័រ​ ឆ្លង​សំសារកន្តារ​បាន​ ដូច​ទាហាន​ដ៏​ហាន​ក្លា​ មិន​ញាប់​ញ័រ​ មិនញញើត ក្នុងការឆ្លង​មហាកន្តារ​បាន​ ដូច្នោះ ។​ ព្រោះ​ហេតុ​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​



“ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវ័ក​ដែល​មាន​សុតៈ​ជា​អាវុធ​ រមែង​លះ​បង់​នូវ​អកុសល,​ ញ៉ាំង​កុសល​ឲ្យ​ចម្រើន​ឡើង​, លះ​បង់​ធម៌​ដែល​មាន​ទោស​, ចម្រើន​ធម៌​ដែល​មិន​មាន​ទោស,​ រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​” ។

   តើអ្វីទៅជា បវិវេកាវុធំ? បទ​ថា​ បវិវេកាវុធំ​ សេចក្តី​ថា​ អាវុធ​ គឺ​ វិវេក​ ទាំង​ ៣​ ប្រការ​នេះ​គឺ​ កាយវិវេក​ ចិត្តវិវេក​ ឧបធិវិវេក ។​ វិវេក​ទាំង​ ៣​ ប្រការ​នោះ​ មាន​ការ​ធ្វើ​ផ្សេងៗ​ គ្នា ។​ កាយវិវេក​ សម្រាប់​បុគ្គល​ដែល​មាន​កាយ​គេច​ចេញ​ទៅ​ ត្រេក​អរ​ក្នុង​នេក្ខម្មៈ​ ចិត្តវិវេក​សម្រាប់​បុគ្គល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​បរិសុទ្ធ​ជា​ទី​បំផុត​ ឧបធិវិវេក​សម្រាប់​បុគ្គល​ដែល​មិន​មាន​ឧបធិ​ ដល់​នូវ​វិសង្ខារ​ (​ គឺ​ព្រះ​និព្វាន ) ។​ ក៏​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​វិវេក​ទាំង​ ៣​ យ៉ាង​នេះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ព្រោះ​ហេតុ​នោះ​ វិវេក​នេះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ ។​

ហើយនៅចុងបញ្ចប់នេះយើងមកយល់ពីអ្វីទៅដែលជាបញ្ញាអាវុធ, អាវុធ​គឺ​បញ្ញា​ ដែល​ជាលោកិយ​ និង​លោកុត្តរ​ ចាត់​ជា​អាវុធ​ គឺ​បញ្ញា ។​ ព្រោះថា​ បុគ្គល​​អ្នក​មាន​អាវុធ​ គឺ​ បញ្ញា​នោះ​ រមែង​មិន​ខ្លាច​ក្នុង​ទី​ណា​មួយ​ឡើយ​ ទាំង​អ្នក​ដទៃ​ក៏​មិន​ខ្លាច​ចំពោះ​បុគ្គល​នោះ​ ព្រោះ​ហេតុ​នោះ​ សូម្បី​បញ្ញា​នោះ​ក៏​ហៅ​ថា​ អាវុធ​ ព្រោះ​អត្ថ​ថា​ ជា​ទី​ពឹង​អាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។


ប្រភពឯកសារ បិដក​ភាគ ១៩​ ទំព័រ​ ១៤២ , អដ្ឋកថា ភាគ១៩ ទំព័រ  ២២៧

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.