ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ

    បុណ្យ​កាន់បិណ្ឌភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាពលរដ្ឋទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើតៗគ្នាតាំង​ពី​បុរាណកាល​រៀងដរាប​មក​ ។ហើយពិធីបុណ្យមួយនេះ ប្រារព្ធចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺមានថ្ងៃវេន បិណ្ឌទី១, បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថៃ្ងបញ្ចប់បិណ្ឌទី១៥ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។


ឥលូវនេះយើងមកស្គាល់ពាក្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-កាន់បិណ្ឌ បានន័យថា​ កាន់តាមវារះវេននីមួយៗ ,ពាក្យថា បិណ្ឌ ជាភាសាបាលី ន័យថា "ដុំបាយ"គឺបានដល់ការដាក់ចង្ហាន់រាប់បាត្រព្រះសង្ឃ សរុបន័យមក កាន់បិណ្ឌ គឺការដាក់ចង្ហាន់រាប់បាត្រព្រះសង្ឃទៅតាមវារះវេនបិណ្ឌនីមួយៗ។
-ភ្ជុំបិណ្ឌ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត លោកថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យថា "បិណ្ឌ" ដែលមានន័យថា : ភ្ជុំ គឺការប្រមូលផ្តុំ ឬការជួបប្រជុំគ្នា, បិណ្ឌ ជាភាសាបាលី ន័យថា "ដុំបាយ" ដូចេ្នះ​យើង​អាច​និយាយបានថាភ្ជុំបិណ្ឌ គឺជាការជួបជុំគ្នាឬប្រជុំគ្នា រាប់បាត្រ(បំពេញបុណ្យជុំគ្នា)គឺថ្ងៃប្រជុំសាមគ្គីគ្នាធ្វើបុណ្យ,ដែលដូនតាខ្មែរយើងចង់អោយកូនចៅ ចេះស្រលាញ់គ្នានិងចេះជួយគ្នា ចេះចែករំលែកអំពើល្អរវាងគ្នានិងគ្នា។​ពី​បុរាណកាល​មក គេ​និយម​ប្រារព្ធ​ពិធីបុណ្យ​នេះ រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​តែម្តង​។ តែខាង​ក្រោយមក បុព្វបុរស​ខ្មែរយើង ជាពិសេស​ព្រះបាទ​អង្គ​ដួង ទ្រង់​ឈ្វេង​យល់ថា ការរក​ចង្ហាន់​របស់​ប្រជារាស្ត្រ មក​ប្រគេន​ព្រះសង្ឃ មានការ​លំបាក ទើប​ព្រះអង្គ បាន​កាត់បន្ថយ​មក​ត្រឹម​១៥​ថ្ងៃ​វិញ​៕



ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការ​ប្រារព្ធ​ពិធី​បុណ្យ​មាន៖

- មានការស្វាធ្យាយ បរាភវសូត្រ ៖ តាម​ពិត​ទៅការស្វាធ្យាយ បរាភវសូត្រ ដើម្បីអោយអ្នកមកចូលរួម បានយល់អំពី​"ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស និងធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​សេចក្ដី​ចម្រើន"។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។
-​បោះបាយ​បិណ្ឌ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​ ជាសាច់​សាលោ​ហិត ដែលលោកបាន​ចែកឋាន​ទៅ​បរលោក។នៅ​ពេល​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋខ្មែរយើង ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅកាន់វត្ដ​បោះបាយ​បិណ្ឌ។
-ដង្ហែរមធុបាយាស កម្មវិធីនេះ ពុទ្ធបរិស័ទ បានរៀបចំ បាយបាយាស និងរបស់របរជាបរិក្ខា ដើ​ម្បី​បូ​ជាព្រះសម្មាសម្ពុទ្ធ។ នៅវេលាម៉ោង៥ព្រឹក ពុទ្ធបរិស័ទ លោកតាអារ្យ គណះកម្មការ តាជីដូនជី បាននាំគ្នាដង្ហែរ ប្រទក្សិណព្រះវិហារ ឬ ប្រទក្សិណជុំវិញព្រះសក្សមុនីចេតិយ នមស្សក្កាចំ​នួ​ន​៣​ជុំ​។ក​ម្ម​វិធីនេះយកលំនាំតាម "កាលនាងសុជាតា ថ្វាយមធុបាយាសដាក់ក្នុងភាជន៍មាសមកថ្វាយព្រះ​បរ​ម​​ពោធិសត្វ។ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស​ជា​៧​ពុំនូត​ហើយ​ទ្រង់​សោយ​រួចរាល់​ពេល​ណា​ក៏​យក​ភាជន៍មា​ស​​នោះ​បន្តែត​ចូល​ទៅ​ក្នុង​ទន្លេ​គង្គាដោយទ្រង់អធិដ្ឋានថា បើព្រះអង្គបានត្រាស់ដឹងមែន សូមអោយភា​ជ​ន៍​​អណ្តែត​បញ្ច្រាស​ទឹក​ហូរ ក្នុងកាលនោះភា​ជ​ន៍​​ក៍អណ្តែត​បញ្ច្រាសខ្សែរ​ទឹក​ ហើយ​ក៍លិចទៅ​ប៉ះទង្គិច​នឹង​ភា​ជ​ន៍​មាស​នៃ​ព្រះពុទ្ធ​អង្គ​មុន​ៗ​ ធ្វើ​ឱ្យ​នាគរាជ​ដែល​កំពុង​ដេកលង់​លក់​ភ្ញាក់​ឡើង​ហើយ​ប្រកាស​ថា ឱ​ហ្ន​! មា​ន​​ព្រះពុទ្ធ​ត្រាស់​មួយ​អង្គ​ទៀត​ហើយ​តើ​!"(សូមលោកអ្នកអានរឿងនាងសុជាប​ន្ថែ​ម​)​,​ប​ន្ទា​ប់​ម​ក​លោ​​កតាអាចារ្យ ក៍ប្រារព្វកម្មវិធីផ្សេងៗជាបន្តមកទៀត...។

រូបដំណាង

-ពូនភ្នំ​ខ្សាច់​ ការពូន​ភ្នំខ្សាច់ ទៅតាមការប្រារព្វរវត្តនីមួយ ពេលខ្លះគេ ពូនភ្នំជាស្រូវ, ពូនភ្នំជាអង្ក, ពូនភ្នំជាខ្សាច់, នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើងជា​ទូទៅ​យល់ថា វាអាចរំដោះគ្រោះ ការពារពីអន្តរាយផ្សេងៗ តាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។ បើតាមទ្រឹស្តីពុទ្ធសាសនា ការពូនភ្នំខ្សាច់ គេពូនជា កូនភ្នំមួយៗ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះបរមសារីរិកធាតុ របស់ព្រះសម្មាសម្ពុទ្ធនៅឯស្ថានតាវត្តិង្ស។ពិធីបុណ្យពូនភ្នំខ្សាច់ ជាបុណ្យផង ជាប្រយោជន៍ផង សម្រាប់ព្រះសង្ឃអាចយកខ្សាច់នេះ ទៅសាងសង់សមិទ្ធិផលផ្សេងៗអ្វីនៅក្នុងបរិវេណវត្តអារាម ឬក្រៅវត្តអារាម ដែលបំរើផលប្រយោជន៍សាធារណៈនៅតាមតំបន់នោះៗ។

រូបដំណាង

ការ​ប្រារព្ធ​ពិធី​បុណ្យ​ដាក់បិណ្ឌ ភ្ជុំបិណ្ឌ មានកម្មវិធីផ្សេងៗគ្នាទៅតាមវត្តអារាមនីមួយ ក្រៅពី ពីធីបុណ្យខាងលើ ដូចជា ងូតទឹកជូនលោកតាលោកយាយ, ប្រណាំងទូកអ៊ុំ,ទូក ង, នេះនៅតាមតំបន់លិចទឹកជាដើម។ពិធី​បុណ្យ​ដាក់បិណ្ឌ ភ្ជុំបិណ្ឌ ដូនតាខ្មែរយើងចង់អោយកូនចៅ ចេះស្រលាញ់,ចេះជួយគ្នា ចេះចែករំលែករបស់បន្តិចបន្តួចអោយគ្នា និងគ្នា,ចេះសាងអំពើល្អទុកជាកំណប់ទ្រព្យប្រចាំខ្លួនទៅលោកខាងមុខ រៀងៗខ្លួន។ហើយជាពិសេសនោះដើម្បី រក្សានិងពង្រឹងផ្នែកសីលធម៍ ទំនៀមទំលាប់ខ្មែរយើងអោយតាំងនៅយូអង្វែង។

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.