រឿងទុត្តបុរស
(ចាក ធ. ខុ.)
(សេចក្តីជ្រះថ្លាជាមេបណ្តុះសម្បត្តិលោកិយនិងលោកកុត្តរ)
(ចាក ធ. ខុ.)
(សេចក្តីជ្រះថ្លាជាមេបណ្តុះសម្បត្តិលោកិយនិងលោកកុត្តរ)
ថ្ងៃមួយក្នុងទីបំផុតភត្តកិច្ចព្រះសាស្តាធ្វើអនុមោទនាថា ឧបាសក ឧបាសិកា ទាំងឡាយ ! បុគ្គលមួយពួក ខ្លួនឯងក៏មិនបានឲ្យ ទាំងមិនបានបបួលអ្នកដទៃផង បុគ្គលនោះទៅកើតក្នុងទីណាៗ ភោគសម្បត្តិក៏គ្មាន បរិវារសម្បត្តិក៏គ្មាន ជាអ្នករស់នៅដោយការស៊ីវត្ថុជាសំណល់គេ ។ បុគ្គលមួយពួកទៀត ឲ្យទានខ្លួនឯងផង បបួលអ្នកដទៃផង បុគ្គលនោះកើតក្នុងទីណាៗ រមែងបានភោគសម្បត្តិផង បរិវារសម្បត្តិផង ។
បណ្ឌិតបុរសម្នាក់អង្គុយស្តាប់ធម៌ក្បែរនោះគិតថា អញនឹងធ្វើឲ្យបានសម្បត្តិទាំងពីរយ៉ាងនេះ ទើបថ្វាយបង្គំព្រះសាស្តាទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃស្អែកនេះ សូមទ្រង់ទទួលភិក្ខារ (បាយ) របស់ខ្ញុំព្រះអង្គ ។ ព្រះសាស្តាត្រាស់ថា អ្នកត្រូវការដោយភិក្ខុប៉ុន្មាន? បពិត្រព្រះអង្គបរិវារទ្រង់មានប៉ុន្មាន? មាន២០ពាន់រូប ។ សូមនិមន្តទាំងអស់ ។ ព្រះសាស្តាក៏ព្រមទទួល ។
បុរសនោះចូលទៅក្នុងស្រុក ស្រែកអំពាវនាវថា បពិត្រលោកអ្នកទាំងឡាយ ខ្ញុំបាននិមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានមកទទួលភត្តក្នុងថ្ងៃស្អែក លោកអ្នកទាំងឡាយ ត្រូវការភិក្ខុប៉ុន្មានអង្គ សូមចាត់ចែងទានប្រគេនតាមគាប់អាធ្យាស្រ័យចុះ មនុស្សទាំងឡាយក៏ទទួលថា យើងដល់ភិក្ខុ១០អង្គ ២០អង្គ ៣០អង្គ ១០០អង្គ ខ្លះទៀត ៥០០អង្គ ទើបបុរសបណ្ឌិតនោះស្រង់ឈ្មោះចុះក្នុងបញ្ជី ។
ក្នុងនគរនោះ មានបុរសម្នាក់ ដែលជនទាំងឡាយស្គាល់ឈ្មោះថា មហាក្រ (ក្រណាស់) បណ្ឌិតបុរស បានឃើញអ្នកមហាក្រនោះមកដល់ចំពោះមុខខ្លួន ក៏ពោលបបួលថា អ្នកមហាក្រសម្លាញ់! ខ្ញុំបាននិមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន មកទទួលភត្តនាថ្ងៃស្អែក តើអ្នកមានត្រូវការភិក្ខុប៉ុន្មានអង្គ? ហ៊ីខ្ញុំក្រណាស់បានច្រកព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក នឹងឲ្យទានយ៉ាងម៉េចបានទុកអ្នកមានទ្រព្យគេឲ្យចុះ ។
បណ្ឌិតបុរសជាមនុស្សឆ្លាតក្នុងការបបួលទុកជាឮពាក្យថាគ្មាន ហើយ ក៏នៅតែមិនស្ងៀមចេះតែពោលបបួលថា អ្នកមហាក្រសម្លាញ់ ជនច្រើនក្នុងនគរនេះ បរិភោគភោជនល្អៗស្លៀកពាក់ល្អស្រស់បស់ ដេកលើដំណេកមានសេរី សោយសម្បត្តិ ប្លែកតែសម្លាញ់ស៊ីឈ្នួលជួលព័ទ្ធគេរាល់ថ្ងៃ នៅត្អូញថាស៊ីមិនគ្រប់គ្រាន់ប្រហែលជាអ្នកមិនដឹងថា កាលពីដើមអញគ្មានបានឲ្យទានសោះទេឬ? ខ្ញុំក៏មិនដឹងយ៉ាងនេះដែរ ។
កាលបើដូច្នោះម្តេចអ្នកមិនធ្វើបុណ្យក្នុងពេលនេះ? អ្នកជាមនុស្សកំលោះ មានកំលាំងពលំគ្រប់គ្រាន់ ស៊ីឈ្នួលគេហើយយកកម្រៃនោះមកធ្វើបុណ្យមិនគួរឬ? អ្នកមហាក្រ បណ្ឌិតនោះនិយាយយ៉ាងនេះរឿយៗ ក៏កើតសេចក្តីសង្វេគ ហើយព្រមទទួលភិក្ខុមួយអង្គឲ្យឆាន់ក្នុងថ្ងៃស្អែកទើបត្រឡប់ទៅ ផ្ទះ ប្រាប់ភរិយាថា នែនាងអ្នកនគរគេធ្វើភត្តប្រគេនព្រះសង្ឃថ្ងៃស្អែកនេះអញមានបុរស ម្នាក់មកបបួលថា ចូរអ្នកឲ្យភត្តដល់ភិក្ខុ១អង្គទៅ យើងនឹកចាត់ចែងភត្តប្រគេនភិក្ខុ១អង្គ ក្នុងថ្ងៃស្អែកនេះ ។
ឯភរិយាមិនបានពោលថាយើងជាអ្នកក្រ ម្តេចក៏ស្តាប់ពាក្យគេ? ទេ បែរជាពោលថា បពិត្រស្វាមីប្រពៃណាស់ហើយ យើងព្រោះតែមិនបានឲ្យទានពីជាតិមុន ទើបជាតិនេះយើងក្ររហេមរហាម ខ្វះព្រឹកខ្វះល្ងាចយ៉ាងនេះ យើងទៅ ស៊ីឈ្នួលគេយកកម្រៃមកធ្វើភត្តប្រគេនលោកកុំខាន ទើបដើរទៅរកស៊ីឈ្នួលគេទាំងពីរនាក់ប្តីប្រពន្ធ ។
មហាសេដ្ឋីឃើញអ្នកមហាក្រភ្លាមសួរថា អ្នកមហាក្រសម្លាញ់អ្នកមកស៊ីឈ្នួលឬ? បពិត្រលោក មករកស៊ីឈ្នួល ។ អ្នកនឹងធ្វើការអ្វីហ្ន? បុរសមហាក្រប្រាប់មហាសេដ្ឋីដោយសំដីថា អ្នកទ័លក្រថាលោកឲ្យខ្ញុំធ្វើការអ្វី ខ្ញុំនឹងធ្វើការនោះនោះតាមបង្គាប់ ។ សេដ្ឋីក៏ប្រើគេឲ្យយកកាំបិតនឹងពូថៅមកឲ្យអ្នកមហាក្រដោយពាក្យ ថា ស្អែកនេះយើងប្រគេនចង្ហាន់ភិក្ខុពីរបីរយអង្គ ចូរអ្នកពុះអុសចុះ។ អ្នកក្រចងក្បិនយ៉ាងមាំ ខ្នះខ្នែងជាបំផុត ដាក់ពូថៅលើកកាំបិតមកពុះអុសតាមបង្គាប់។ សេដ្ឋីសួរថា សម្លាញ់ម្តេចក៏អ្នកខំខ្លាំងម្ល៉េះថ្ងៃនេះ? មានហេតុយ៉ាងណា? បពិត្រលោក ស្អែកខ្ញុំប្រគេនភត្តដល់ភិក្ខុមួយអង្គដែរ ។
សេដ្ឋីគិតថា ឳអ្នកមហាក្រនេះមានសទ្ធាមុតមាំណាស់តើមិនគិនខ្លួនក្រលំបាកសោះ ។ ថ្លែពីភរិយាសេដ្ឋីឃើញប្រពន្ធអ្នកមហាក្រ ក៏សួរថា ម្នាលនាង! នាងមកធ្វើការអ្វី? ចា៎! លោកស្រី ឲ្យតែមានការខ្ញុំនឹងធ្វើជូនទាំងអស់ ។ លោកស្រីក៏បង្គាប់ឲ្យយកចង្អេរនិងអង្រែជាដើម ចូលទៅប្រកបការងារក្នុងរោងត្បាល់ក្កឿង ។ នាងនោះមានចិត្តរីករាយជាមហិមា បុក បែន អុំ ស្ទៃ រោយស្រូវទាំងឡាយហាក់ដូចជាគេរាំ ។
លោកស្រីសួរថា នាងរីករាយខ្លាំងម៉្លេះ មានហេតុយ៉ាងណា? លោកស្រី ខ្ញុំមកធ្វើការឈ្នួលនេះ គឺយកកម្រៃទៅចាត់ចែងភត្តប្រគេនភិក្ខុមួយអង្គកក្នុងថ្ងៃស្អែក នេះ ។ សេដ្ឋីបានឲ្យអង្ករស្រូចសាលី ៤នាឡិជាឈ្នួល៤នាឡិទៀតជារង្វាន់នៃសេចក្តីត្រេកអរដល់អ្នកមហា ក្រនោះ ។
ឯភរិយាសេដ្ឋីបានឲ្យដបពេញដោយទឹកដោះថ្លា១ ភាជនៈពេញដោយទឹកដោះជូរ១ គ្រឿងហឹរ១ អង្ករស្រូវសាលីសុទ្ធមួយនាឡិដល់នាងនោះ ។ ជនប្តីប្រពន្ធមានសេចក្តីត្រេកអរជាខ្លាំងលាន់មាត់ថា យើងបានទ័យធម៌ហើយទើបចូលកាន់សម្រាកលង់លក់ស្កប់ស្កល់ក្នុង រាត្រី ។ វេលាព្រឹកព្រាង ក៏ស្ទុះក្រោកម្នីម្នា ឯភរិយាពោលប្រាប់ប្តីថា នែ! ល្មមទៅរកបន្លែមក ។
អ្នកមហាក្រ ដើររកមើលក្នុងរានផ្សារ ក៏មិនឃើញមាន ហើយដើរហួសទៅកាន់ឆ្នេរស្ទឹង បេះបន្លែបណ្តើរច្រៀងបណ្តើរ។ មានព្រានម្នាក់កំពុងបង់សំណាញ់ ឮសំលេងច្រៀងនោះគិតថានេះជាសំលេងអ្នកមហាក្រទេតើ ទើបប្រកូកហៅមកសួរថា ម្តេចក៏ច្រៀងសប្បាយម្ល៉េះ មានហេតុអ្វីសម្លាញ់? ទេ! បេះបន្លែតើ ។ អើសម្លាញ់បេះធ្វើអី? យីព្រឹកនេះខ្ញុំប្រគេនចង្ហាន់លោកមួយអង្គ ។ ព្រានប្រមង់ពោលថាឳ! ភិក្ខុណាឆាន់បន្លែអ្នក ភិក្ខុនោះអស់អាសវៈហើយ។ ខ្ញុំបានបន្លែហើយ តែនៅខ្វះត្រី អើឲ្យខ្ញុំធ្វើម៉េចទៀត? អើ សម្លាញ់មកដោតត្រីឲ្យខ្ញុំមួយដំណោតល្មមថ្លៃមួយបាទខ្លះ កន្លះបាទខ្លះ មួយកហាបណៈខ្លះ ។
អ្នកនគរក៏មកទិញត្រីទាំងត្រណោតៗយកទៅធ្វើចង្ហាន់ កាលអ្នកមហាក្រកំពុង ដោតត្រី ភិក្ខុចារវេលាក៏មកដល់ ហើយពោលប្រាប់ព្រានប្រមង់ថា សម្លាញ់ ល្មមពេលលោកនិមន្តមកហើយ ។ ព្រានសួរថា ត្រណោតត្រីអស់ហើយឬនៅ ? អស់រលីងហើយសម្លាញ់ ។ អើ ត្រី៤ ខ្ញុំកប់ទុកក្នុងគំនរដីខ្សាច់ឯណោះយកចាត់ចែងធ្វើចង្ហាន់ប្រគេន លោកចុះ ។
ថ្ងៃនោះព្រះសាស្តាទ្រង់ប្រមើមើលនិស្ស័យសត្វក៏បានជ្រាបថា អ្នកមហាក្រនឹងភរិយា ប្រគេនចង្ហាន់ភិក្ខុមួយរូបថ្ងៃនេះ បើវៀរពីតតថាគតនឹងឥតបានភិក្ខុឡើយ ។ ធម្មតាព្រះពុទ្ធទាំងឡាយ តែងធ្វើសេចក្តីអនុគ្រោះចំពោះជនក្រ។
ព្រោះហេតុនោះ ទ្រង់ធ្វើសរីរកិច្ចពីព្រឹកដោយព្រះចិន្តាថា តថាគតនឹងធ្វើសេចក្តីសង្គ្រោះដល់អ្នកមហាក្រ ទើបចូលទៅប្រថាប់ក្នុងគន្ធកុដិ ថ្លែងពីអ្នកមហាក្រកំពុងយួរត្រីដើរទៅផ្ទះ ក៏ក្តៅរំជួលដល់ពិភពនៃសម្តេចអមរិន្ទ្រាធិរាជស្តេចក៏ព្រះចិន្តាថា អ្នកមហាក្រនឹងប្រគេនចង្ហាន់ដល់ភិក្ខុមួយអង្គ ព្រះសាស្តាស្តេចនឹងអនុគ្រោះអ្នកក្រនេះដោយពិត ដូច្នេះគួរអញទៅជួយចាត់ចែងភត្តថ្វាយព្រះអង្គ ទើបក្លែងភេទដើរមកសុំស៊ីឈ្នួលឲ្យអ្នកមហាក្រ ដោយអួតថា ព្រះអង្គចេះវិជ្ជាដាំស្លសព្វគ្រប់ អង្វរករទាល់តែអ្នកមហាក្រសុខចិត្តទើបអ្នកមហាក្រសួរថា អ្នកចាត់ចែងភត្តមួយពេលយកថ្លៃឈ្នួលប៉ុន្មាន? ព្រះឥន្ទ បើអ្នកប្រគេនភត្តដល់ភក្ខុ ខ្ញុំឥតត្រូវការដោយថ្លៃឈ្នួល សុំចែកតែបុណ្យបានហើយ ។ អ្នកមហាក្រក៏ឲ្យចូលទៅក្នុងផ្ទះចាត់ចែងភត្ត ។ ឯព្រះឥន្ទប្រាប់ថា ល្មមអ្នកទៅទទួលលោកហើយ ។
ឯអ្នកចាត់ការបានបញ្ជូនភិក្ខុទាំងឡាយតាមចំនួនក្នុងបញ្ជីឲ្យ ដល់ អ្នកម្ចាស់ទានរាល់ៗរូប។ អ្នកមហាក្រ ក៏ទៅទទួលភិក្ខុនឹងគេ លុះទៅដល់ក៏សួរអ្នកចាត់ ថាភិក្ខុអង្គណាដែលអ្នកត្រូវខ្ញុំ? អ្នកចាត់ភ្ញាក់ព្រើត ពោលប្រាប់ថា ខ្ញុំភ្លេចទៅហើយ ។ អ្នកមហាក្រឮពាក្យនោះភ្លាមហាក់ដូចគេពួយលំពែងមានមុខដ៏មុត ក៏យំរៀបរាប់ថា អ្នកបបួលខ្ញុំឲ្យប្រគេនចង្ហាន់ដល់ភិក្ខុមួយអង្គ ពីម្សិលមិញខ្ញុំទៅស៊ីឈ្នួលគេទាំងប្តីប្រពន្ធព្រឹកមិញ ដើរទៅរកបន្លែឯឆ្នេរស្ទឹងទៀត សូមអ្នកឲ្យភិក្ខុមួយអង្គ ដល់ខ្ញុំពុំខាន ។
មនុស្សទាំងឡាយសួរថា អ្នកមហាក្រមានរឿងរ៉ាវយ៉ាងម៉េច? ទើបជម្រាបគេតាមសេចក្តីនោះ ។ មនុស្សទាំងនោះ ក៏សួរបញ្ជាក់់អ្នកចាត់ទៀតអ្នកចាត់ក៏ពោលថាពិតមែន ពួកមនុស្សពោលថា អ្នកធ្វើកម្មធ្ងន់ណាស់ ជាអ្នកចាត់ចែងភិក្ខុមួយអង្គដល់អ្នកមហាក្រកុំខាន ។ អ្នកចាត់ចែងមានសេចក្តីអៀនខ្មាស់ជាពន្លឹកក៏ពោលថា អ្នកមហាក្រសម្លាញ់ កុំឲ្យខ្ញុំវិនាសព្រោះខ្ញុំភ្លេចឈឹង មនុស្សទាំងឡាយ ក៏នាំភិក្ខុទៅផ្ទះគេអស់ទៅហើយដូច្នេះសម្លាញ់ទៅវត្តពោលទូលព្រះ សាស្តាថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាអ្នកក្រ សូមទ្រង់ធ្វើសេចក្តីអនុគ្រោះដល់ខ្ញុំព្រះអង្គ បើបុណ្យសម្លាញ់មានគង់តែបាន ព្រោះព្រះអង្គឥតទាន់និមន្តអ្នកណាទេ ។ អ្នកមហាក្របានរត់យ៉ាងលឿនសំដៅទៅវត្ត ។
ឥស្សរជនមានស្តេច និងស្តេចកំលោះ ក៏ពោលចំអកថា អ្នកមហាក្រ ភត្តកាលមិនទាន់ដល់ដោយពិត ហេតុអ្វីបានអ្នកបង្ខំមក ។ អ្នកមហាក្រពោលតបថា ខ្ញុំដឹងហើយថាភត្តកាលមិនទាន់ដល់ទេ ។ តែខ្ញុំមកថ្វាយបង្គំព្រះសាស្តាទេ ហើយក៏ឈរផ្អែកក្បាលលើធរណីគន្ធកុដិ ថ្វាយបង្គំដោយគោរពពោលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងនគរនេះឥតមាននរណាក្រជាងខ្ញុំព្រះអង្គទេ សូមទ្រង់ជាទីពឹងរបស់ខ្ញុំព្រះអង្គ សូមទ្រង់ធ្វើសេចក្តីអនុគ្រោះដល់ខ្ញុំព្រះអង្គ ។
ព្រះសាស្តាស្តេចបើកទ្វារកុដិ ហើយប្រទានបាត្រឲ្យអ្នកមហាក្រនោះៗ ហាក់ដូចជាបានសោយរាជ្យ ជាស្តេចចក្រពត្តិ ។ ឥស្សរជនទាំងឡាយ ក៏រមិលមើលមុខគ្នាទៅវិញទៅមកគ្មានអ្នកណាមួយហ៊ានដណ្តើមយកបាត្រ ដែលព្រះសាស្តាប្រទានឲ្យអ្នកមហាក្រនោះឡើយ ។ ឥស្សរជនទាំងនោះក៏ពោលលួងលោមអ្នកមហាក្រថា ហៃអ្នកមហាក្រភឿន ចូរអ្នកឲ្យបាត្រព្រះសាស្តាមកខ្ញុំៗ នឹងឲ្យទ្រព្យដល់អ្នកប៉ុណ្ណេះសម្លាញ់ជាអ្នកក្រគួរ ទទួលយកទ្រព្យទៅវាគ្មានប្រយោជន៍ដោយបាត្រទេ ។ អ្នកមហាក្រពោលថា ទេមិនឲ្យដាច់ខាតហើយ ព្រោះខ្ញុំឥតត្រូវការទ្រព្យទេត្រូវការតែថ្វាយចង្ហាន់ ដល់ព្រះសាស្តាប៉ុណ្ណោះ ឥស្សរជនទាំងអស់គ្នា នឹកអស់សង្ឃឹមថា នឹងបានបាត្រព្រះសាស្តាក៏ត្រឡប់ទៅផ្ទះវិញ នៅតែព្រះរាជាមួយអង្គគត់ដោយទ្រង់គិតថា អ្នកមហាក្រទុកជាអញលួងលោមដោយទ្រព្យក៏នៅតែមិនព្រមឲ្យ រឿងនេះពិតជាគ្មាននរណាមួយហ៊ានទទួលយកបាត្រដែលព្រះសាស្តាប្រទាន ផ្ទាល់ព្រះអង្គឡើយ ចាំមើលទ័យធម៌អ្នកមហាក្រនេះយ៉ាងម៉េចទៅ អញនឹងនាំព្រះសាស្តាទៅដំណាក់ក្នុងកាលដែលអ្នកមហាក្រប្រគេនទ័យ ធម៌ហើយ នឹងប្រគេនអាហារដែលនាយវិសេសចាត់ចែង ដល់ព្រះអង្គ ទើបស្តេចយាងទៅជាមួយនឹងព្រះសាស្តាដែរ ។ រីឯសក្កទេវរាជ ចាត់ចែងវត្ថុទាំងឡាយមានបបរ បាយនឹងបន្លែរួចហើយ ក៏រៀបចំអាសនះដ៏សមគួរដល់ព្រះសាស្តា ហើយនៅអង្គុយចាំ ។ អ្នកមហាក្រនិមន្តព្រះអង្គទៅដល់ផ្ទះក៏ទូលថា សូមព្រះអង្គស្តេចយាងចូល ។
គួរឲ្យអស្ចារ្យណាស់ ផ្ទះគាត់ទាប បើអ្នកណាមិនឳន មិនអាចចូលទៅបានទេ តែធម្មតាព្រះពុទ្ធទាំងឡាយ ព្រះអង្គមិនដែលឳនហើយទើបយាងចូលឡើយ ក្នុងពេលដែលព្រះអង្គយាងចូលទៅ មហាប្រឹថពីស្រុតចុះទៅក្រោយផ្ទះអណ្តែតឡើងលើ ។ នេះជាផលដែលព្រះពុទ្ធគ្រប់ព្រះអង្គបានកសាងពីបុរេជាតិ ។ ព្រះសាស្តាស្តេចយាងចូលទៅគង់លើអាសនៈដែលសក្កទេវរាជក្រាលថា្វយ ។ ព្រះអង្គគង់ភ្លាម ព្រះរាជាដែលចង់បានបាត្រ ក៏ពោល ប្រាប់អ្នកមហាក្រថា ហៃអ្នកមហាក្រសម្លាញ់ កាលយើងសុំបាត្រអ្នកៗ មិនឲ្យសោះ សក្ការដូចម្តេច ដែលអ្នកបំរុងប្រគេនព្រះសាស្តា យកមកខ្ញុំមើលផង ។ លំដាប់នោះសក្កទេវរាជបើកភាជន៍បបរបាយបង្ហាញព្រះរាជា ។ ក្លិនបបរបាយនោះផ្សាយទៅគ្របសង្កត់នគរព្រះរាជាពោលថា បពិត្រព្រះអង្គដ៏ចំរើនខ្ញុំមកនេះគិតថា ទ័យធម៌អ្នកមហាក្រនេះមិនប៉ុន្មានទេ បើអ្នកមហាក្រនេះប្រគេនទ័យធម៌ហើយ ខ្ញុំព្រះអង្គនឹងនិមន្តស្តេចទៅដំណាក់ហើយថ្វាយអាហារ ដែលគេចាត់ចែងបំរុងខ្ញុំព្រះករុណា អាហារបែបនេះខ្ញុំព្រះអង្គមិនធ្លាប់ឃើញទេបើខ្ញុំព្រះអង្គនៅ ក្នុងទីនេះអ្នកមហាក្រមុខតែលំបាក ដូច្នេះសូមថ្វាយបង្គំព្រះអង្គទៅហើយ ។
ឯសក្កទេវរាជទ្រង់ចាត់ចែងទានថ្វាយព្រះសាស្តាដោយគោរព លុះព្រះអង្គសម្រេចភត្តកិច្ចហើយ ក៏ធ្វើអនុមោទនា ហើយស្តចេយាងត្រឡប់ទៅវិញ ។ សក្កៈឲ្យសញ្ញាដល់អ្នកមហាក្រៗក៏យកបាត្រហើយជូនដំណើររហូតដល់ វត្ត ។ សក្កៈត្រឡប់មកវិញ ឈរក្បែរទា្វផ្ទះសំលឹងមើលទៅឯអាកាសស្រាប់តែភ្លៀងកែង៧ប្រការ ធ្លាក់ចុះមកបំពេញភាជនៈនឹងផ្ទះទាំងមូលឲ្យពេញរកតែទីទំនេរក៏ គ្មាន ទើបប្រពន្ធអ្នកមហាក្រដឹកដៃកូនរត់ចេញទៅក្រៅផ្ទះ ។
អ្នកមហាក្រត្រឡប់មកវិញ ឃើញកូនប្រពន្ធនៅខាងក្រៅផ្ទះ ក៏សួរថា ក្នុងផ្ទះកើតហេតុយ៉ាងម៉េច? បពិត្រស្វាមីផ្ទះយើងពេញដោយកែវ៧ប្រការរកតែទីទំនេរក៏គ្មាន ។ អ្នកមហាក្រគិតថា នេះជាផលនៃទានដែលអញឲ្យហើយក្នុងថ្ងៃនេះ ទើបដើរទៅដំណាក់ថ្វាយបង្គំព្រះរាជាៗត្រាស់សួរថា អ្នកមានការអ្វី?
បពិត្រព្រះសម្មតិទេព ផ្ទះទូលបង្គំពេញលេញដោយកែវ៧ប្រការ សូមទ្រង់ទទួលទ្រព្យនោះ ។ ព្រះរាជាគិតថា ឳ! ទានដែលបុគ្គលបានថ្វាយដល់ព្រះពុទ្ធទាំងឡាយរមែងសម្រេចប្រយោជន៍ ភ្លាមៗមែន ទើបត្រាស់សួរថា អ្នកយកអ្វីទៅដាក់? ក្រាបទូលយករទេះទៅមួយពាន់ទើបល្មម ព្រះរាជាក៏បញ្ជូនរទេះមួយពាន់ឲ្យទៅដឹកទ្រព្យយកមកចាក់គរក្នុង ព្រះលាន គំនរនោះកំពស់ដើមត្នោត ។ ទើបត្រាស់ប្រជុំអ្នកក្រុងសួរថា ក្នុងនគរនេះ មាននរណាមានទ្រព្យប៉ុណ្ណេះដែរ ក្រាបទូលគ្មានទេ ។
ទ្រង់ប្រទានដំណែង ជាសេដ្ឋីព្រោះមានសម្បត្តិច្រើនលើសគេឯង ក្នុងនគរជាមួយគ្នា ដល់អ្នកមហាក្រនោះឲ្យក្លាយទៅជាអ្នកមានធំ ។ ទើបទ្រង់ប្រទានដីភូមិនោះឲ្យស្មើ កំណប់ទ្រព្យទាំងឡាយក៏ផុះឡើង ។ អ្នកមានធំក៏នាំរឿងនោះទៅទូលព្រះរាជាៗ ត្រាស់ថាកំណប់នេះកើតឡើងដោយបុណ្យរបស់អ្នកទេតើ ចូរអ្នកថែរក្សាទុកចុះ អ្នកមានធំឲ្យគេសង់ផ្ទះរួចហើយ ក៏ចាត់ចែងទានថ្វាយដល់ព្រះសង្ឃមាន ព្រះពុទ្ធជាប្រធានអស់៧ថ្ងៃ នឹងធ្វើបុញ្ញកម្មផ្សេងៗទៀតជាច្រើន លុះអស់អាយុក៏បានទៅកើតក្នុងទេវលោក សោយសម្បត្តិអស់មួយពុទ្ធន្តរ ទើបច្យុតចាកទីនោះ អ្នកមកចាប់បដិសន្ធិក្នុងផ្ទៃនៃធីតាសេដ្ឋី ជាឧបដ្ខាកព្រះសារីបុត្តត្ថេរនាក្រុងសាវត្ថី ក្នុងពុទ្ធប្បាទនេះ ។
តាំងពីទារកនេះ ចុះចាប់បដិសន្ធិកាលក្នុងផ្ទៃមាតាកាលណា ជនអ្នកនៅក្នុងផ្ទះនោះ ជាជនលីលាក្តី ល្ងីល្ងើក្តី គរក្តីឆ្កួតក្តី ក៏ក្លាយទៅជាបណ្ឌិតទាំងអស់គ្នា លុះគ្រប់ទសមាសា ក៏ប្រសូត្របុត្រៗនោះ មានឈ្មោះប្រាកដថា បណ្ឌិតទារក ។ ពេលទារកនោះកើតមកក៏បណ្តាលឲ្យទឹកចិត្តម្តាយគិតឃើញថា នឹងបណ្តោយតាមអធ្យាស្រ័យរបស់បុត្រដោយពិត ។ កាលកុមារអាយុបាន៧ឆ្នាំ ក៏សុំមាតាទៅបួសក្នុង សំណាក់ព្រះសារីបុត្ត ។ មាតាក៏បបួលញាតិចាត់ចែងគ្រឿងសម្ភារៈ នាំកុមារទៅកាន់សំណាក់ព្រះសារីបុត្ត ហើយប្រគេនកុមារទៅលោកទូលថា សូមលោកម្ចាស់បំបួសកុមារនេះឲ្យទានផងចុះ ។
ព្រះថេរៈក៏ប្រាប់រឿងបព្វជ្ជាកម្មថា ជាការលំបាកប្រព្រឹត្តឲ្យបានបែបបទ តែកុមារពោលថា ខ្ញុំព្រះករុណាអាចធ្វើតាមឳវាទរបស់លោកម្ចាស់បាន ។ ព្រះថេរឲ្យកាត់សក់ហើយ ប្រាប់តបបញ្ចកកម្មដ្ឋាន ទើបបំបួសពេលនោះ ។ ឯមាតាបិតាសាមណេរនោះនៅប្រគេនទានដោយរសត្រីឆ្អិនដល់ព្រះភិក្ខុ សង្ឃ មានព្រះពុទ្ធ ជាប្រធាន អស់៧ថ្ងៃទើបវិលទៅផ្ទះវិញ ។
ថ្ងៃទី៨ ព្រះថេរៈនាំសាមណេរទៅបិណ្ឌបាត លុះនិមន្តទៅក៏បានឃើញប្រឡាយ ឃើញជាងចាំង ឃើញជាងកូនសរ ហើយសួរព្រះថេរះៗ ក៏ពោលប្រាប់តាមដំណើរ ទើបឲ្យសាមណេរមកដល់វត្ត ក៏បើកទ្វារចូលទៅធ្វើសាមណធម៌ សម្ងំអភិរម្យនៅក្នុងកុដិតែឯកឯង។
ពេលនោះព្រះសាស្តា រមិលមើលនិស្ស័យសត្វក៏បានដឹងថា សាមណេរបណ្ឌិតនេះនឹងបានសម្រេចអរហត្តក្នុងពេលដែលតថាគតសួរប្រស្នា ចំពោះសារីបុត្ត ទើបយាងទៅចាំព្រះសារីបុត្តនៅខាងក្រៅកុដិនោះ លុះព្រះថេរះនិមន្តមកដល់ ទ្រង់សួរ៤ប្រស្នាថាម្នាលសារីបុត្ត អាហារនាំមកនូវអ្វី ? ក្រាបទូលនូវផស្សៈ ។ វេទនានាំមកនូវអ្វី? នាំមកនូវរូប ។ រូបនាំមកនូវអ្វី ? នាំមកនូវផស្សៈ ។ លុះចប់ប្រស្នា សាមណេរនៅក្នុងកុដិក៏បានសម្រេចអរហត្តក្នុងព្រះជន្ម៧វស្សានឹង បួសបាន៨ថ្ងៃ ប្រៀបដូចជាផ្កាឈូករីកស្រស់បស់ដូច្នោះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ